សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០២០នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ដែលបានបាត់ មាតា ជីដូន ជីដូនទូត ដ៏មានព្រហ្មវិហារធម៌មួយរូបនិង ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះធម៌ និងបានបូជាកម្លំាងកាយចិត្តនិងធនធាន ពេលវេលា ព្រមទំាងខិតខំតស៊ូគ្រប់កាលៈទេសៈដើម្បីជាការចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនជាដរាបរៀងមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បួងសួងសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕