(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានវិធានការពិនិត្យមើលសុច្ចរិតភាពរបស់មជ្ឍមណ្ឌលឯកជនបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ។
ការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យមជ្ឈមណ្ឌលឯកជន សម្រាប់កែប្រែជនរងគ្រោះដោយគ្រឿងញៀន ក្រោយពីមានព័ត៌មានលេចឮថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាលជនរងគ្រោះនោះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឯកជនសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀន ហើយខាងមជ្ឈមណ្ឌលយកតម្លៃខ្ពស់នោះ គឺជាតម្លៃដែលអាណាព្យាបាល និង មជ្ឈមណ្ឌលឯកជននិយាយត្រូវគ្នាទៅនឹងការកំណត់តម្លៃទាំងនោះ ហើយមានន័យថា មុននឹងយកជនរងគ្រោះទៅដាក់នៅមជ្ឈមណ្ឌលឯកជនទាំងនោះ គឺអាណាព្យាបាលបានឯកភាពទៅនឹងតម្លៃ ដែលខាងមជ្ឈមណ្ឌលឯកជននោះដាក់ជូនរួចហើយ។
ដោយឡែកសម្រាប់មជ្ឈមណ្ឌលឱកាសខ្ញុំ គឺមិនមានការបង់ថ្លៃសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀននោះទេ ហើយមជ្ឈមណ្ឌលអាកាស ខ្ញុំក៏ជាកន្លែងកែប្រែមួយ ដែលមានលក្ខណៈស្តង់ដារផងដែរ ដែលអាចឲ្យកូនចៅប្រជាពលរដ្ឋ ដែលមានបញ្ហាគ្រឿងញៀនទៅបន្សាបនៅទីនោះបាន និងគួរឲ្យជឿទុកចិត្ត៕