កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនសាសនិកខ្មែរឥស្លាមប្រមាណជិត៥០០នាក់ ក្នុងពិធីខែរ៉ាម៉ាឌន នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅវិហារឥស្លាម ស្ថិតភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។
លោកអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជំងឺចំនួន១៦នាក់ បានជាសះស្បើយអស់ហើយ។ យើងនៅតែព្រួយបារម្មណ៍ ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈជំងឺនេះកំពុងបន្តគម្រាមកំហែងសាជាថ្មីនៅក្នុងប្រទេសមួយចំនួន លើពិភពលោក។
លោក អ៊ុន ចាន់ដា ស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងនៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយ តាមខ្នងផ្ទះ តាមទីសាធារណៈនានា។
លោកអភិបាលខេត្ត បានចែកអំណោយខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន៤៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម ស្ករសពីរគីឡូ ទឹកដោះគោពីរកំប៉ុង ប្រេងឆាមួយលីត្រ និងទឹកសេរ៉ូមួយដប៕