ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖  លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា។

ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងក្នុងឱកាសលោកឯកអគ្គរាជទូតជួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកមិញនេះ។

លោកឯកអគ្គរាជទូត បានបន្ថែមថា ទឹកប្រាក់ជំនួយនេះ គឺសម្រាប់ចំណាយលើសម្ភារៈបច្ចេកទេស ផ្នែកវិជ្ជសាស្ត្រ ដើម្បីព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។

ចំណែកលោកឧបនាយករដ្ឋមន្ត្រី  បានជម្រាបជូនអំពីវិធានការបន្ទាន់ៗជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិត និងជនងាយរងគ្រោះ ដោយការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន+៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០  រាជរដ្ឋាភិបាលជប៉ុន បានបង្ហាញជំហរជួយដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ៕