ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. ចាប់រថយន្តបីគ្រឿងដឹកបង្គាមានផ្ទុកចាហ៊ួយ ក្តាម ម៉ឹកក្លាសេ សរុប៥៥៣កេស ស្មើនឹងជាង១១តោន

ភ្នំពេញ៖ មន្រ្តីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បានសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច បានស្ទាក់ឃាត់រថយន្តបីគ្រឿង ដែលដឹកទំនិញពុំមានឯកសារ នៅតាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល និងនៅតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការណ៍ឃាត់រថយន្តទាំងបីគ្រឿងនេះ ដោយមានការចង្អុលបង្ហាញពីអគ្គនាយក និងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១ និង៣០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ទើបមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានពិនិត្យជាបឋម ឃើញនៅក្នុងបង្គាក្លាសេមានផ្ទុកសាធាតុចាហ៊ួយ។

តាមការអះអាងពីអ្នកបើកបររថយន្តដឹកទំនិញទាំងនេះបានឲ្យដឹងថា ទំនិញទាំងនេះពួកគាត់ជាអ្នកស៊ីឈ្នួលដឹកឲ្យគេ ពីច្រកព្រំដែនព្រែកចាក ខេត្តកំពត ហើយពុំមានឯកសារបញ្ជាក់ពីប្រភពផលិតផលឲ្យបានត្រឹមត្រូវ។

មន្ត្រីដដែលបន្តទៀតថា ទំនិញទាំងនេះរួមមានបង្គាមានផ្ទុកចាហ៊ួយ ក្តាម ម៉ឹកក្លាសេ ដែលមានចំនួនសរុប ៥៥៣កេស ប្រមាណ១១ឭតោន។ បច្ចុប្បន្នវត្ថុតាង និងរថយន្តទាំងនេះត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដេីម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ក្រុមការងារចម្រុះនឹងយកទំនិញទាំងនេះចេញពីរថយន្តដើម្បីរាប់ចំនួនជាក់ស្តែង និងដកយកគំរូ មកវិភាគបន្ថែមទៀតនៅមន្ទីរពិសោធន៏អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីបន្ថែមទៀតក្នុងម៉ឹកក្លាសេ៕