ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា បិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងមន្ត្រីនគរបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីនរគបាលថ្មីជំនាន់ទី១ ចំនួន១០០នាក់ នៃស្នកការដ្ឋានខេត្តកំពង់ចាម។

ពិធីបិទវគ្គនេះ មានការអញ្ចើញចូលរួមពីលោក ឯម កុសល ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

តាមរបាយការណ៍របស់លោកស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយសចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១ រយៈពេល៣០ថ្ងៃ ចំនួន១០០នាក់ ក្នុងនោះស្រី៣៤នាក់។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើដល់កងកម្លាំងនគរបាល ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសើរ ជាមួយគ្នានេះកងម្លាំងបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងសូមឲ្យកងកម្លាំងនគរបាល បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ និងការគ្រប់គ្រងពលករ-ពលការីនី ដែលទើបវិលត្រឡប់មកពីបរទេស ដើម្បីអនុវត្តចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះស្នងការដ្ឋាននគរបាលខេត្ត ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដល់កងកិត្តិយស និងការបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលថ្មីជំនាន់ទី១ ដើម្បីពង្រឹកធនធានមនុស្សក្នុងជួយកងកម្លាំង ជួយបំពេញបន្ថែមនូវសមត្ថភាពជំនាញឲ្យដល់កងកម្លាំងនគរបាលតាមអង្គភាពជំនាញ ជាមួយគ្នានេះ លោកសូមផ្តាំផ្ញើដល់សិក្ខាមជាមន្ត្រីនគរបាលក្របខ័ណ្ឌថ្មី ដែលត្រូវទទួលបណ្តុះបណ្តាលបឋមដល់ជំនាន់ទី១ ត្រូវយចំណេះដឹងទៅអនុវត្តលើការងារប្រចាំថ្ងៃតាមជំនាញនីមួយៗ ឲ្យល្អប្រសើរ៕