ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ បាន បើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យឯកជនលើការចរចារ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០​។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចម្បងគឺប្រមូលធាតុចូលពីភាគីពាក់ព័ន្ធនានា ក្នុងវិស័យឯកជន ដើម្បីជាជំនួយស្មារតីនិងគំនិតយោបល់បន្ថែម ដល់ក្រុមការងារចរចារ ក្នុងការរៀបចំត្រៀមក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជាបានលើកឡើងពីសក្តានុពលនៃទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន ដែលទទួលបាននូវការគាំទ្រជាច្រើន ជាពិសេសគឺមានក្រុមហ៊ុនចិនជាច្រើនចង់ទិញអង្ករកម្ពុជា។

លោកឧកញ៉ា បានបញ្ជាក់ថា ជាឱកាសល្អសម្រាប់កម្ពុជាពង្រីកបរិមាណនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិន ឬអាចជាការស្នើសុំទៅភាគីចិនឲ្យបន្ថែមកូតានាំចូលអង្ករកម្ពុជា ខណៈដែលចំណងមិត្តភាពកម្ពុជាចិនកំពុងមានភាពល្អប្រសើរ។

លោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីលក្ខណៈបច្ចេកទេសមួយចំនួននៃការរៀបរាប់អំពីប្រភេទអង្ករ ដើម្បីផ្តល់ជាគំនិតយោបល់បន្ថែមដល់ក្រុមការងារចរចារ ក្នុងការធ្វើយ៉ាងណា ដើម្បីផ្តល់នូវប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូល។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានចំណាប់អារម្មណ៍ចំពោះខាងវិស័យឯកជនបានលើកឡើង អំពីសារៈសំខាន់សម្រាប់ក្រុមការងារចរចារ យកទៅពិភាក្សាបន្ថែម ដើម្បីឈានទៅរកចំណុចរួមនិងឯកភាព ក្នុងកិច្ចចរចារជុំទី៣ នាពេលខាងមុខនេះ៕