កណ្តាល៖ កម្មករនិយោជិកព្យួរកិច្ចសន្យាការងារចំនួន៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី (២) ដែលមានទីតាំងនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល មានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។
កម្មការិនី សុខ សុភី បានលើកឡើងថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់សម្រាប់ខ្ញុំ ព្រោះបានឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងវិធានការបង្ការជំងឺកូវីដ-១៩ ជាពិសេសនោះ នាងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងខាងរោងចក្រ ដែលរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង និងបានផ្តល់ជាប្រាក់ឧបត្ថម្ភ ជួយដល់ខ្ញុំ និងគ្រួសារថែមទៀត ក្នុងអំឡុងពេលនៃការរាលត្បាតជំងឺកូវីដ-១៩ នេះ»។
កម្មការិនី ហាវ ស្រីរ័ត្ន បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដែលបានធ្វើឲ្យអ្នកស្រី យល់កាន់តែច្បាស់អំពីការទំនាក់ទំនងល្អ សិល្បៈនៃការចរចារ សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ ការធ្វើការងារជាក្រុម និងការថែរក្សាការងារ។
អ្នកស្រី ប៉ែន បុប្ផា ដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អ សម្រាប់នាងខ្ញុំ បានចូលរួមចែករំលែកចំណេះដឹងអំពីបំនិនជីវិត ដែលផ្តោតទៅលើការទំនាក់ទំនង សិល្បៈនៃការចរចា និងការធ្វើការងារជាក្រុម ជូនដល់កម្មករ និយោជិត។ ទោះបី វគ្គបណ្តុះបណ្តាលនេះមិនមានពេលវេលាវែងក៏ដោយ ប៉ុន្តែវាក៏ជាចំណែកមួយដែលជួយឲ្យកម្មករ និយោជិតទាំងអស់បានទទួលនូវការយល់ដឹង និងបំពេញបន្ថែមទៅលើជំនាញដែលខ្លួនមាន ដើម្បីឲ្យជីវិតរស់នៅកាន់តែល្អប្រសើរ និងការងារកាន់តែមានប្រសិទ្ធភាពជាងមុន ជាពិសេសអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ៖
១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ
២.ការបំពេញការងារជាក្រុម
៣.មូលដ្ឋានច្បាប់ស្ដីពីការងារ
៤.នីតិវិធីដោះស្រាយវិវាទការងារ
៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត
៦.អត្ថប្រយោជន៍ ប.ស.ស
៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺកូវីដ-១៩ ៕