ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក PABLO KANG  ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នេះជាសក្ខីភាពមួយដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍរីកចម្រើននៃវិស័យកសិកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងមកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។

ការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស និងសត្វបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកឯកអគ្គរដ្ឋទូត បានមានចំណាប់អារម្មណ៍ផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មតាមរយះ គម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្រ្តាលីក្នុងកាល:ទេស:ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

លោករដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា កម្មវិធីនេះគឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើននៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កំលាំងពលកម្មមនុស្ស និងសត្វពាហន: មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។

តាមរយ:កម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក ហើយជំនួយនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ និង២០៥០​៕