ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋបីឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។
ឃុំទាំងបីនៃស្រុកពញាឮ រួមមានឃុំភ្នំបាត, ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះផងដែរ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើជូនពួកគាត់ឲ្យប្រកាន់ខ្ជាប់នូវអនាម័យ ចៀសវាងការប្រមូលផ្តុំគ្នា ដោយរួមគ្នាទប់ស្កាត់នូវជំងឺកូវីត-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
ការងារស្ថាបនាផ្លូវក្រាលកៅស៊ូនេះ បានអនុវត្តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរ និងប្រកាសដាក់ឲ្យដំណើរការនៅពេលនេះ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងមូលដ្ឋាន។
បន្ទាប់មករដ្ឋមន្រ្តី បានអញ្ជើញពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលត្រូវបានចាប់សាងសង់ តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ៦០ភាគរយ។
សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ និងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕