សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីគ្រោងដាំដើមក្ងោក និងដើមសាគូរ៉ា ដើម្បីទាក់ទាញភ្ញៀវទេសចរ រក្សាអត្តសញ្ញាណទីជនបទ និងលើកកម្ពស់ការរស់នៅស្អាត បែបធម្មជាតិប្រកប ដោយភាពទាក់ទាញ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ ២០២០ បន្ទាយស្រីស្អាតដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះថា ដើម្បីលើកសោភ័ណភាព និងភាព ស្រស់ស្អាតនៃបរិស្ថាន រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី ដែលមានប្រវែងជិត២០ គីឡូម៉ែត្រឱ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុក នៅតាមដងផ្លូវមានការរៀបចំប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ មានការដាំផ្កាលម្អទាំងតូចទាំងធំនៅតាមរបង និងជុំវិញដើមឈើ និងជាពិសេស មានការចូលរួមជួយថែរក្សាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមដល់ផ្លូវនេះ។
លោកអភិបាលស្រុកបានបញ្ជាក់ថា យុទ្ធនាការនេះក៏នឹងមានកម្មវិធីបរិស្ថានទ្រង់ទ្រាយធំជាប្រចាំ ព្រមទាំងមាន កម្មវិធី ប្រកួតប្រជែងផ្ទះស្អាត នៅតាមដងផ្លូវនេះផងដែរ។ ប្រសិនបើស្ថានភាព កូវីដ-១៩ អំណោយផល រដ្ឋបាលស្រុកនឹងរៀបចំកម្មវិធីដាំផ្កាតាមដងផ្លូវនេះជាកំណាត់ៗ ដោយនឹង អនុញ្ញាតឱ្យមានការចូលរួមបើកចំហ និងទូលំទូលាយពីសំណាក់មហាជន និងបងប្អូន ដែលស្រឡាញ់បរិស្ថាន។
លោកអភិបាលស្រុក ក៏បានសូមថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានផ្តល់ដើមក្ងោក និងដើមសាគូរ៉ាចំនួន១០០០ដើម៕