លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិតនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃព្រឹកថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០បានរៀបចំពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន”។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្ករដ្ឋបាលលគយចិន រួមជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា តាមរយ:ភាពជោគជ័យនេះ អំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។
លោក វេង សាខុន ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលសមជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ដោយឡែក ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ។
ភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធីនិងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។
លោករដ្ឋមន្ត្រីជឿជាក់ថា តាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។
ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិតកិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។
ចំណែក លោកឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងបានធ្វើចំណាប់អារម្មណ៍ទាក់ទងនឹងពិធីសារនេះដោយបានរំលេចខ្លឹមសារ សំខាន់ៗអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន ។
ជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។ ពិតណាស់ ការនាំ ចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។
តាមរយ:ការចរចាលើឯកសារពិធីសារនេះដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។
ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS)។
ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្គ្រប់ជ្រុងជ្រោយ និង យូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” នាពេលនេះ។
គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។
បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន។