កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញពិនិត្យសំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់ កាលពីពេលកន្លងទៅនេះ។
លោកអភិបាលខេត្ត បានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើនៅសាលាខេត្ត និងអាចផ្តល់កន្លែងសមរម្យដើម្បីបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងសាធារណៈជន គណៈអភិបាលបានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់អាគាររដ្ឋបាលនេះបន្តទៀត ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០នេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្ត ត្រូវបានសាងសង់ឡើងពីបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងដំបូលប្រក់ក្បឿងទំហំបណ្តាយ៥៣,២៥ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់២៤,៥៧ម៉ែត្រ មានទីតាំងនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕