ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) ថ្មីៗនេះបានសម្រេចផ្តល់ថវិកាចំនួនជិត១០០លាន ដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដែកថវិកានេះបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank កាលពីថ្ងៃទី២៩ ខែមិថុនានេះ បង្ហាញថា World Bankបានអនុម័តឥណទាន ចំនួន៩៣លានដុល្លារអាមេរិក ពីសមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់«គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។
របាយការណ៍លើកឡើងថា «គម្រោងនេះ នឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការជួយឱ្យកសិករខ្នាតតូច និងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនេះ រដ្ឋាភិបាល បានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។
រដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លីជាដើមនោះ។ចាប់តាំងពីឆ្នាំ២០០៨ មកគម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភ តាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដី សង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេច បានជោគជ័យ។
គម្រោងទាំងនេះ បានជួយដល់ការអភិវឌ្ឍផ្លូវជនបទការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូចការសាងសង់សាលាបឋមសិក្សា ប៉ុស្តិ៍សុខភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។
តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ ហិកតា សម្រាប់ សង់លំនៅឋាន និងធ្វើការដាំដុះ ដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង ៥០០០ គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រង ធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវានិងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។
គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ។
គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំងនិងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះ នឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព និងមណ្ឌលសហគមន៍។
អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ៕