នៅថ្ងៃទី១១ខែកញ្ញានេះ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News” ហើយទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះសូមជម្រាបជូនសាធារណជនបានជ្រាបដូចខាងក្រោម៖
១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះមិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូលសត្វនិងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធី និងវិធានបច្ចេកទេសដូចមានចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការស្នើសុំនាំចេញ នាំចូលសត្វនិង ផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួងចេញលិខិតអនុញ្ញាត ពោលគឺមិនមានអ្នកណាម្នាក់ចាត់ចែងការងារនេះជំនួសមុខឱ្យអង្គភាពជំនាញបានឡើយ។
៣. ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តការរឹតបណ្តឹងវិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាព។