ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការក្រុងភ្នំពេញ បើកសវនាការសំណុំរឿងរឹបអូសទ្រព្យលោក ស៊ុន សារឿន បោកប្រាក់ជាងកន្លៈលានដុល្លារ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងបើកសវនាការលើបណ្តឹងអនុវត្តដីការក្សាការពារ ក្នុងសំណុំរឿងព្រហ្មទណ្ឌបោកប្រាក់ជាងកន្លៈលានដុល្លារ ប្រព្រឹត្តឡើងដោយបុរសម្នាក់ អះអាងខ្លួនថា ជាមន្ត្រីយោធា។

យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់លោក សេង រិទ្ធី ចៅក្រមស៊ើបក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បានឲ្យដឹងថា សវនាការនេះ គឺធ្វើឡើងក្នុងសំណុំរឿងរើបអូសចលនទ្រព្យ និងអចលនទ្រព្យពីបុរសអាយុ៥២ឆ្នាំ ឈ្មោះ ស៊ុន សារឿន ដែលរងបណ្តឹងពីម្ចាស់ប្រាក់ចំនួនប្រាក់៥២៤ ១៤៥ដុល្លារ ហើយត្រូវតុលាការរឹបអូសដោយបង្ខំ ដើម្បីធានាសងបំណុលខាងលើនេះ។

កាលពីដើមកក្កដា ឆ្នាំ២០២០​​​ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។

សេចក្តីសម្រេចរឹបអូសដោយបង្ខំនេះ គឺធ្វើឡើងបន្ទាប់ពីកូនបំណូលបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុល ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក។

ចលនទ្រព្យ និងអចលនទ្រព្យ ដែលត្រូវរឹបអូសជាបណ្តោះអាសន្នពីឈ្មោះ ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។

ប្រភពច្បាស់ការណ៍នៅក្នុងរឿងក្តីក្តំនេះ បានប្រាប់ Daily Khmer​​​ ឲ្យដឹងថា ក្រោយពីព្រះរាជអាជ្ញាចោទប្រកាន់ពីបទព្រហ្មទណ្ឌក្នុងសំណុំរឿងឆបោក និងរឹបអូសទ្រព្យសម្បត្តិដោយបង្ខំ កូនបំណុលឈ្មោះ ស៊ុន សារឿន បានព្យាយាមបង្កើតភស្តុតាងដោះបន្ទុក ប៉ុន្តែបែរជាក្លាយទៅភស្តុតាងបញ្ជាក់ពីការជំពាក់លុយ ហើយមិនព្រមសងទៅវិញ។

ប្រភពដដែលបានបន្ថែមទៀតថា ដោយទង្វើឆបោកនេះហើយ ទើបមានបណ្តឹងដាក់ចូលតុលាការជាបន្តបន្ទាប់ពីភាគីផ្សេងទៀត​​​ ដែលអះអាងថា ត្រូវបុរសរូបនេះឆបោកដូចឈ្មោះ សុខ ច័ន្ទដារ៉ា ផងដែរ។

សូមរំឭកដែរថា ដោយសារជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តដោយបង្ខំ ហើយចាប់រឹបអូសបានរថយន្តពីរគ្រឿង និងអចលនវត្ថុមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈរថយន្តជាច្រើនគ្រឿងទៀត ត្រូវគេលួចដូរស្លាកលេខសម្គាល់ដើម្បីគេចវេសពីការចាប់រឹបអូស។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងប្រោកប្រាក់នេះ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទឈ្មោះ ស៊ុន សារឿន ពាក់ព័ន្ធករណីឆបោកប្រាក់៥២៤ ១៤៥ដុល្លារ ហើយចេញសែកស្អុយឲ្យម្ចាស់បំណុល។

ឈ្មោះ ស៊ុន សារឿន រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រថេសិន .ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការដឹកជញ្ជូនទំនិញឆ្លងដែន ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងចេញសែកស្អុយ។

លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស៊ុន សារឿន និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែបែរជាត្រូវលោកស្រី ស៊លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន បន្ទាប់ពីជនត្រូវចោទខាងលើនេះបង់ប្រាក់ធានា និងសន្យាស្វះស្វែងរកប្រាក់សងម្ចាស់បំណុល។

ដោយសារចៅក្រមស៊ើបដោះលែងឲ្យនៅក្រៅគុក ហើយបង្កឲ្យខូចផលប្រយោជន៍របស់លោក សុខ ច័ន្ទដារា យ៉ាងធ្ងន់ធ្ងរ ទើបតំណាងអយ្យការដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តែម្តង៕