ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប រកឃើញគ្រឿងសម្អាងខុសច្បាប់៥៥តោន ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ កាលពីម្សិលមិញក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរទីតាំងស្តុក និងផលិតគ្រឿងសម្អាងខុសច្បាប់ប្រមាណ៥៥តោន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានបង្ខំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ន។

ប្រតិបត្តិការបង្ក្រាបមុខរបរមិនសុច្ចរិតនេះ ត្រូវបានធ្វើឡើង ដោយសហការគ្នារវាងមន្ត្រី ក.ប.ប និងមន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការឆ្មក់ចូលឆែកឆេរនេះ បានរកឃើញផលិតផលគ្រឿងសម្អាងសរុបប្រមាណ៥៥តោន ដោយមាន ផលិតផលវេចខ្ចប់រួចស្រេចប្រមាណ២១តោន និងសម្បកវេចខ្ចប់ប្រមាណ៣៤តោន។

ដោយសង្ស័យថា ផលិតផលនេះជាផលិផលខុសច្បាប់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកទីតាំងស្តុក និងផលិតនេះបណ្តោះអាសន្ន ដើម្បីរៀបចំបែបបទរើបអូសបំផ្លាញចោល។

លោក ហេង  មាលី ប្រធាន ក.ប.ប សាខារាជធានីភ្នំពេញ បានប្រាប់ Daily Khmer នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះថា សមត្ថកិច្ចរបស់លោកមិនទាន់ស្គាល់ម្ចាស់ ឬឈ្មោះក្រុមហ៊ុននៅឡើយទេ។

យោងតាមមន្ត្រីម្នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ បានបង្ហើបប្រាប់ Daily Khmer នៅថ្ងៃនេះថា ទីតាំងស្តុក និងផលិតគ្រឿងសម្អាងខុសច្បាប់នេះ ឈ្មោះ ចៅខ្មែរផ្សារ ដោយធ្វើអាជីវកម្មជាយូរមកហើយ ព្រមទាំងមានសាខាចែកចាយជាច្រើនកន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ ដែលមន្ត្រីពាក់ព័ន្ធកំពុងតែតាមប្រមាញ់។

គួរបញ្ជាក់ផងដែរថា អាជីវកម្មផលិតគ្រឿងសម្អាខុសច្បាប់ ឬគ្មានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីនេះ ត្រូវបានបង្ក្រាបជាហូរហែ ប៉ុន្តែហាក់ដូចនៅតែកើតមាន ហើយបង្កការព្រួយបារម្ភចំពោះផលប៉ះពាល់របស់វាមកលើសុខភាពអ្នកប្រើប្រាស់៕