ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង  ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី និន សាផុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ និងលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។

លោក ស្រីនិន សាផុន ប្រធានគណៈកម្មការទី៩ បានជម្រាបអង្គប្រជុំថា គណៈកម្ម ការជំនាញទី៥ និងទី៩ នៃរដ្ឋសភាបានពិនិត្យលើអត្ថបទកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ាន-ហុងកុង ដោយបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើកិច្ចព្រមព្រៀងនេះ។

គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាបានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។

សូមបញ្ជាក់ថា ជាលទ្ធផល កិច្ចប្រជុំបានឯកភាពទាំងស្រុងលើខ្លឹមសារនៃកិច្ចព្រមព្រៀង ដោយពុំមានការកែសម្រួលបន្ថែមនោះទេដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕