កំពង់ចាម៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀន បានជិត២០០ករណី ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានការកើនឡើងជាងឆមាសនៃឆ្នាំកន្លងទៅ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងពេលបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត – អភិបាលស្រុក-ក្រុងទាំង១០ និងកម្លាំងប្រដាប់អាវុធទជាច្រើននាក់ផងដែរ។
លោកបានថ្លែងបន្តទៀតថា ក្នុងរយៈកាលកន្លងទៅនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម បានណែនាំជាប្រចាំទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចមន្ត្រីជំនាញឲ្យអនុវត្តទៅតាមតួនាទីភារកិច្ច ដែលខ្លួនទទួលខុសត្រូវនៅក្នុងមូលដ្ឋាន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ ២០២០នេះ ឃើញថា សមត្ថកិច្ចបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយការទទួលខុសត្រូវ លើវិជ្ជាជីវៈរបស់ខ្លួន ដែលក្នុងនោះបញ្ហាបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានច្រើន បូករួមជាមួយវិធានការមួយចំនួនដូចជាវិធានការអប់រំផ្សព្វផ្សាយ, វិធានការរដ្ឋបាល, វិធានការច្បាប់, វិធានការស្ដារនីតិសម្បទា និងសមាហរណកម្ម រួមទាំងវិធានការកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអនុវត្តវិធានការថ្មី តាមរយៈការជួបប្រជុំជាមួយម្ចាស់ក្លឹបកម្សាន្ត ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ក្នុងគោលបំណងឲ្យពួកគាត់រួមសហការជាមួយសមត្ថកិច្ច ក្នុងការជួយទប់ស្កាត់បទល្មើសគ្រឿងញៀនទាំងអស់គ្នា។
ដោយការខិតខំប្រឹងប្រែងនេះ ជាលទ្ធផលធ្វើឲ្យសមត្ថកិច្ចឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀនបាន១៩៩ករណី និងឃាត់ខ្លួនជនល្មើសចំនួន៧០៣នាក់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ពោលគឺការបង្ក្រាបនេះមានការកើនឡើង៩៩ករណី បើធៀបជាមួយឆមាសទី១ ឆ្នាំ២០១៩ ដែលបង្ក្រាបបាន១០០ករណី និងឃាត់ខ្លួនជនល្មើសបានជាង២០០នាក់ប៉ុណ្ណោះ។
លោកអភិបាលខេត្ត បានថ្លៃបន្តថា ទោះបីជាភូមិសាស្រ្តខេត្តកំពង់ចាម មិនមែនជាកន្លែងផលិត យ៉ាងណាក៏ដោយ ប៉ុន្តែគ្រឿងញៀននេះ វាបានធ្វើចរាចរណ៍ និងត្រូវបានឧក្រិដ្ឋជន ប្រើប្រាស់ជាកន្លែងជួញដូរ និងចែកចាយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលចាំបាច់ត្រូវឱ្យសមត្ថកិច្ចយើង បង្កើនសមត្ថភាព ខិតខំប្រឹងប្រែងអនុវត្តវិធានការទប់ស្កាត់ បង្ការ និងបង្រ្កាប ឲ្យមានប្រសិទ្ធភាព។
ស្ថិតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងការកោតសរសើរដល់ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ក៏ដូចជាកងកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានរួមគ្នាខិតខំប្រឹងប្រែងក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អ ក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានផ្ដាំផ្ញើដល់សមត្ថកិច្ចជំនាញ សូមឲ្យបន្តខិតខំប្រឹងប្រែងបង្កើនការប្រមូលព័ត៌មាន បង្កើនការស៊ើបអង្កេត និងឈានទៅបង្ក្រាបទទួលបានជោគជ័យបន្ថែមទៀត៕