ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ក្នុងមួយខេត្ត មួយអគារ

សៀមរាប៖ លោកស្រី សៀង ចាន់ហេង បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្រាកព្យាបាលជំងឺទូទៅ១ខ្នង នៃមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកស្រី បានបង្ហាញនូវការប្តេជ្ញាចិត្តថា ការចូលរួមកសាងសង្គមជាតិ វិស័យសុខា ភិបាល គឺជាគោលដៅដ៏ធំមួយ ហើយលោកស្រីបានសម្រេចចិត្តថា នឹងត្រូវកសាងឱ្យបានអគារសម្រាកព្យាបាល អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ១អាគារ កម្ពស់៥ជាន់។ គម្រោងនេះ កំពុងត្រូវបានអនុវត្តន៍បានប្រមាណជា៩៥ភាគរយហើយ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត។ សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអាគារដែលត្រូវបាន ជួសជុលកែ លម្អកន្លងមក។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែអ្នកជំងឺចំនួន៣៧០គ្រែ ហើយការប្រើប្រាស់ជាក់ស្តែង ប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ននេះលើសពី១០០ភាគរយ ក្នុងនោះពី១០ ទៅ ១៥ភាគរយ នៃអ្នកជំងឺ គឺមកពីបណ្តាខេត្តផ្សេងៗផងដែរ។

លោកបន្ដថា អគារសម្រាកព្យាបាលជំងឺ ដែលកំពុងបើកសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនេះ ពីមុនមានតែជាន់ផ្ទាល់ដី ទំហំ ១៤ម៉ែត្រ គុណ ១៩ម៉ែត្រប៉ុណ្ណោះ។ ក្រោយពីការជួសជុលកសាងកែលម្អថ្មីអាគារមួយនេះត្រូវបានកសាងបន្ថែមពីលើមួយជាន់ថ្មីទៀត និងពង្រីកបានដល់ ២២ម៉ែត្រ គុណ ១៩ម៉ែត្រ ដោយចំណាយអស់ថវិកា ជាង១៦ម៉ឺនដុល្លារ។ ក្នុងមួយអគារនេះ ទាំងជាន់ផ្ទាល់ដី និងជាន់លើអាចដាក់គ្រែ ទទួលអ្នកជំងឺឱ្យសម្រាកព្យាបាលនៅទីនោះបានចំនួន១១០គ្រែ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អគារសម្រាកព្យាបាលដែលកំពុងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ពិតជាត្រូវ បាននាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ និងបានជួយបំពេញកង្វះខាតនៃមន្ទីរពេទ្យផងដែរ ហើយអ្វីដែលសំខាន់ជាងនេះ គឺជាការបើកលទ្ធភាពរបស់ មន្ទីរពេទ្យមួយកម្រិតទៀត ក្នុងការជួយសង្គ្រោះ សុខភាព និងអាយុជីវិតនៃអ្នកជម្ងឺ ប្រកបដោយសេវាគុណភាព មិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយអ្វីនោះឡើយ៕