ប្រព័ន្ធផ្សព្វផ្សាយ Express បានចុះផ្សាយថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាចនៅសហភាពអឺរ៉ុប បានប្រតិកម្មតបយ៉ាងខ្លាំងលើសកម្មភាពរបស់ប្រទេសចិននៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំង៣បានជំរុញឲ្យចិនកុំរំលោភបំពានលើច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងក្នុងជម្លោះដែនទឹកកាន់តែរីកធំឡើង ។
មហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា លំហាត់សមយោធានៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងសិទ្ធស្របច្បាប់ គឺមិនស្របទៅតាមច្បាប់អន្តរជាតិទេ ហើយប្រទេសទាំង៣ បានជំរុញអង្គការសហប្រជាជាតិឲ្យបង្ហាញពីសុចរិតភាពនៃអនុសញ្ញានៃច្បាប់អន្តរជាតិ ។
លោក Jonathan Odom សាស្ត្រចារ្យយោធាផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុប George C. Marshall សម្រាប់សិក្សាសន្តិសុខ បានពន្យល់ថា នេះជាលើកដំបូងហើយសម្រាប់មហាអំណាចទាំង៣នៅសហភាពអឺរ៉ុប ដែលបានកត់សម្គាល់ពី វិបត្តិនៅសមុទ្រចិនខាងត្បូង ៕