កណ្តាល៖ រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង៥លល្ងាចនេះ ទឹកមានកម្ពស់៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង០,៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត៧,០០ម៉ែត្រ ហើយពេលនេះក្រុមការងារបានបើកទ្វារទឹកទាំងបួន ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួនពីរ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។
មកដល់បច្ចុប្បន្ននេះ ស្ថានភាពទឹក ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន១៤ គ្រឿង, បាវខ្សាច់ធំចំនួន១.០០០បាវ, បាវខ្សាច់តូចចំនួន២០.០០០បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម៕