ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករជិត៤៩ម៉ឺនតោន ទៅកាន់ទីផ្សារអ៊ឺរ៉ុប

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២០ ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ទៅកាន់ទិសដៅផ្សេងៗ  សម្រេចបាន ៤៨៨ ៧៨៥ តោន និងទទួលបានចំណូលជាង ៣២៨លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកំណើនជិត ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ លើសកលោក ក្នុងចំណោមទិសដៅ ប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារ៣៥ភាគរយ ដែលមានចំនួន ១៧១ ៨៩៦ តោន។ ទីផ្សារសហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅលំដាប់ទី២ មានចំណែកទីផ្សារ ៣៣ភាគរយ ដែលមានបរិមាណ ១៦១​ ៦១៤ តោន ក្នុងនោះប្រទេសបារាំងជាទីផ្សារធំជាងគេ មានចំណែក ១៣ភាគរយ នៃទីផ្សារសរុប។

ក្រៅពីនោះ ទីផ្សារបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មានចំនួន ៦៧ ៤៣៣ តោន និងទីផ្សារបណ្តាប្រទេសផ្សេងៗ ទាំង២៩ មានចំនួន ៨៧ ៨៣២ តោន ដែលមានកំណើន៦៩ភាគរយ ប្រៀបធៀបនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០១៩ ដែលនេះជាកំណើនមួយគួរឱ្យកត់សម្គាល់ ជាពិសេសគឺប្រទេស ហ្កាបុងកើន៨១ភាគរយ និងអូស្រ្តាលីកើន៦២ភាគរយ។ ការនាំចេញនេះជាង ៧៨ភាគ រយ ជាប្រភេទអង្ករក្រអូប។

សម្រាប់ខែកញ្ញា ឆ្នាំ២០២០ ការនាំចេញអង្ករសរុបរបស់កម្ពុជា បានចំនួន ៤០ ៥៧២ តោនដែលក្នុងនោះប្រទេសចិនមានចំនួន៣១ភាគរយ សហគមន៍អ៊ឺរ៉ុបចំនួន ២៩ភាគរយ អាស៊ានចំនួន ១៦ភាគរយ និងបណ្តាប្រទេសផ្សេងមានចំនួន ២៤ភាគរយ។​ ការនាំចេញ​អង្កររបស់កម្ពុជា ក្នុងខែកញ្ញានេះគិតជាទឹកប្រាក់ទទួលបានជាង​២៨លានដុល្លារសហរដ្ឋអាមេរិក៕