ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្ម ជំរុញការគាំទ្រផលិតផលក្នុងស្រុក  “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”

មណ្ឌលគីរី ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជា ឱ្យបន្តខិតខំអភិវឌ្ឍន៍ផលិតផលបន្ថែមទៀតលើការផលិតទំនិញដែលមានគុណភាព សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ វេចខ្ចប់ឱ្យបានល្អត្រឹមត្រូវប្រកបដោយសោភ័ណភាព អនាម័យ តម្លៃសមរម្យ និងបង្កើតគំនិតច្នៃប្រឌិតផលិតទំនិញថ្មីៗសម្រាប់បម្រើទីផ្សារដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

លោកបានបន្ថែមថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបាននិងកំពុងជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ជាសកលដល់សកម្មភាពសេដ្ឋកិច្ចជាប្រព័ន្ធ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរៀបចំយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចជាតិទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបន្តសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ផលិតកម្ម និងជំរុញការនាំចេញ ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អនុតំបន់ និងតំបន់ បន្តជំរុញការវិនិយោគលើវិស័យជាអាទិភាពដូចជា វិស័យកម្មន្តសាល បង្គំដំឡើង កសិ-ឧស្សាហកម្ម និងពង្រឹងយន្តការនៃការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តិនានាដែលកំពុងស្ថិតនៅជាធរមាន និងជំរុញការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលឱ្យស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ជាដើម។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ជាក់ស្តែងដូចជាការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅតាមរាជធានី ខេត្តសំខាន់ៗមួយចំនួនដែលមានរៀបចំនៅទីនេះ គឺជាយន្តការសមស្រប និងមានប្រសិទ្ធភាពក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងទីកន្លែផលិតមកទីផ្សារ ហើយក៏ជាសំឡេងជួងដាស់ស្មារតីមហាជនទូទៅឲ្យងាកមកចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមពាក្យស្លោក “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”៕