ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានយាងនិវត្តន៍ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីព្រះអង្គទំាងទ្វេបានគង់ប្រថាប់ នៅរដ្ឋធានីប៉េកំាង ក្នុងការពិនិត្យព្យាបាលព្រះរាជសុខភាព ចាប់ពីថ្ងៃទី ៦តុលា ឆ្នាំ២០២០ មក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនថ្នាក់ដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ ព្រមទំាងព្រះរាជវង្សានុវង្ស ជាច្រើន បានយាង និងអញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះអង្គទំាងទ្វេដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមក្រាបបង្គំថ្វាយ ព្រះអង្គទាំងទ្វេ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និង ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដល់កូនចៅ ប្រជានុរាស្រ្តជាដរាបរៀងទៅ៕