ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រកឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជា៣នាក់ដែលឆ្លងវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា

ភ្នំពេញៈ ក្រសួងសុខាភិបាលបាន​ប្រកាសថា លទ្ធផលវិភាគវត្ថុ សំណាកលើកទី២ ជូនដល់អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា គិតត្រឹមម៉ោង០៥:០០ល្ងាចនៃថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញពី អ្នកវិជ្ជមានវីរុសវីដ-១៩ ចំនួន ០៣នាក់ ដែលមានដូចតទៅ៖

១. លោក សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ

២. លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មាន អាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣. បុរសជនជាតិហុងគ្រី អាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅ
សណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលកត់សម្គាល់ថា ករណីសរុបដែលរកឃើញអ្នកមានវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា គិត ត្រឹមម៉ោង០៥:០០ល្ងាចនៃថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ០៤នាក់។

ក្រុមការងារក្រសួងសុខាភិបាល កំពុង បន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើ ការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួង នឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួល បានលទ្ធផល ជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣វិច្ឆិកានេះ។

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេស សាលារាជធានីភ្នំពេញ ចាត់តាំងកម្លាំង ធ្វើការតាមដានការអនុវត្តការធ្វើចត្តាឡីស័ករបស់អ្នកប៉ះពាល់ទាំងអស់ ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។

ដោយរួមជាមួយមន្ទីរសុខាភិបាលរាជធានី -ខេត្ត ដែលពាក់ព័ន្ធ ដើម្បីចូលរួម ត្រួតពិនិត្យ និងតាមដានសុខភាពអ្នកធ្វើចត្តាឡីស័កទាំងអស់ ប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ។