ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​អំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់​ ខណៈព័ត៌មានបិទទីក្រុងភ្នំពេញ​គឺជាព័ត៌មានប្រឌិត

ភ្នំពេញ ៖​ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ​ លោក​ ផៃ​ សុីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានឆ្លេីយតបវិញថា​នេះគឺជាព័ត៌មានប្រឌិត​ គ្មានមូលដ្ឋានច្បាស់លាស់​ ដូច្នេះ​ ប្រជាពលរដ្ឋ​ត្រូវរក្សាភាពស្ងៀមស្ងាត់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ លោក​ ផៃ​ សុីផាន​ កាលពីថ្ងៃ​ទី១១​ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ “យើងខ្ញុំ សង្កេតឃើញថា​ មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ”។

លោកបន្ដថា​ សារសំឡេងនោះ​ បានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង”។លោកបញ្ជាក់ផងថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។

លោកបន្ថែមថា​ “យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ សមត្ថកិច្ចប្រឆាំងនិងព័ត៌មានក្លែងក្លាយ នឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ”៕