ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា សុង សារ៉ន និងក្រុមការងារ​​ចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ មើលការប្រមូល​ផ​លស្រូវសរីរាង្គប្រភេទផ្ការំដួល ដែលទុំពេញស្រែរបស់បងប្អូនប្រជាកសិករនៃសហគមន៍នេះ។

សហគមន៍សាមគ្គីរុងរឿង គឺជាសហគមន៍ដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ ផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទផ្ការំដួល និងអង្ករស ហើយក៏ជាសហគមន៍មួយក្នុងចំណោមសហគមន៍ចំនួន៥៩ ដែលបានចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយនឹងក្រុមហ៊ុន កាលពីចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដែលពិធីនេះទទួលបានការសម្របសម្រួលពី អគ្គនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
បន្ថែមពីលើការងារនេះ ឧកញ៉ាប្រធាន និង សហការីក៏បាន ចូលរួមច្រូតកាត់ជាមួយនឹងបងប្អូនកសិកររបស់សហគមន៍សាមគ្គីរុងរឿងនេះ ។ ឧកញ៉ាប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណដល់សហគមន៍ដែលបាននិងកំពុងតែបន្តអនុវត្តនូវការផលិតស្រូវសរីរាង្គស្របតាមស្តង់ដារ និងបានចែករំលែកជូនបងប្អូនកសិករ អំពីស្ថានភាពទីផ្សារបច្ចុប្បន្ននៃស្រូវអង្ករកម្ពុជា និងផ្តល់យោបល់ឱ្យសហគមន៍សាកអនុវត្តការដាំស្រូវសរីរាង្គប្រភេទពូជនាងអុក នាងអំ ដែលជាប្រភេទអង្ករសប្រណិត គ្រាប់ខ្នាត់កណ្តាល(Medium Grain -Premium white rice) ។

ដោយសារតែអង្ករប្រភេទនេះ កំពុងតែមានទីផ្សារល្អ និងជាពិសេសនោះ វាអាចផ្តល់នូវទិន្នផលខ្ពស់ផងដែរ។ មួយវិញទៀត ជាសំណូមពរ លោកសូមឱ្យបងប្អូនកសិករមេត្តាយកចិត្តទុកដាក់លើដំណើរការក្រោយការច្រូតកាត់ (Post-Harvest) ដែលមានទាំងការទុកដាក់ឱ្យស្របតាមបច្ចេកទេស ដើម្បីរក្សានូវគុណភាព ចៀសវាងការខូចខាត និងបាត់បង់ ក្រោយពេលប្រមូលផលនេះ។
ចំពោះបងប្អូនសហគមន៍កសិកម្មដែលមិនទាន់មានដៃគូសហការលើកិច្ចសន្យាកសិកម្ម សូមមេត្តាទាក់ទងមកសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីអាចឱ្យសហព័ន្ធរៀបចំសម្របសម្រួលជូន។