កំពង់ចាំ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
កិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥ភាគរយ ទៅ ២០ភាគរយ និងរថយន្តចំនួន ៣គ្រឿង ដឹកលើស ទម្ងន់កម្រិតកំណត់លើសពី ២០ភាគរយ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥ភាគរយ ទៅ ២០ភាគរយ នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។
ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០ភាគរយ នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹង លេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះបានចាប់អនុវត្តពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។
លោក ទេសរដ្ឋមន្ត្រី បានណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់នៃការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕