ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សម្តេចតេជោ ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ជូន​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា 

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០។​

តាម​លិខិត​ផ្ញើជូន​លោកស្រី អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានបញ្ជាក់ថា «​ខ្ញុំ​សូម​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ជូន​លោកជំទាវ​ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​របស់លោក​ជំទាវ​ក្នុង​ការដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជាតិ​។ ខ្ញុំ​ក៏​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​»​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ​លោកជំទាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២.០០០.០០០ ( ពីរលាន ) និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ទន្ទឹមនេះ ខ្ញុំ​បាន​ចាត់តាំង​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

​សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត នាំយក​ម៉ាស​ជាង ២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដឹក​តាម​យន្តហោះ​ពិសេស យកទៅ​ជូន​រដ្ឋាភិបាល​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ផងដែរ​៕​