ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សម្តេច​តេ​ជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត របស់សម្តេចចំនួន១៥០​នាក់​

​ភ្នំពេញ​៖ ​ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះបាន​​ជួបសំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់ សម្តេចចំនួន ១៥០​នាក់​  នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ សំណុំរឿង ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ ចំនួន ៧៤​ករណី​។​

​ក្រៅពី​ជួយ​ដោះស្រាយ និង​ការពារ​ក្តី «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ធ្វើ​កិច្ចការ​សង្គម និង​មនុស្សធម៌​ផងដែរ​។ ដូចជា បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា សាលាដំបូង និង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដាំ​កូនឈើ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរតូច​ផ្នែក​ខាងត្បូង​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ជួយផ្តល់​សម្ភារៈ​បរិក្ខារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ ដោយ​ខ្យល់​កន្ត្រាក់ រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ស្ត្រី​មេម៉ាយ ចាស់ជរា ដែលមាន​ជីវភាព​ខ្វះខាត និង​បាន​ប្រមូល​ថវិកា​ពី​សមាជិក ជូន​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ ផងដែរ​។

សូមបញ្ជាក់ថា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ដឹកនាំ​ដោយ​លោក​មេធាវី គី តិច និង​មាន​សមាជិក​សរុប ១៣៨​រូប នៅ​គ្រប់​រាជធានី​-​ខេត្ត​។ មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើតឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលដៅ​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​។ ៕