ភ្នំពេញ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud ដែលរៀបចំឡើងដោយវិទ្យាស្ថាន Amazon Web Services និងវេទិកាគ្រឹះស្ថានរូបិយវត្ថុនិងហិរញ្ញវត្ថុផ្លូវការ (OMFIF) តាមរយៈប្រព័ន្ធអនឡាញ។
សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីធនាគារកណ្ដាល វិស័យឯកជន អង្គការអន្តរជាតិ បញ្ញត្តិករ សាស្រា្តចារ្យ ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវនានា និងមានគោលបំណងផ្សព្វផ្សាយនូវរបាយការណ៍បរិយាបន្នហរិញ្ញវត្ថុដែលសង្កត់ធ្ងន់លើសេវាហិរញ្ញវត្ថុឌីជីថលអាចធ្វើឱ្យប្រសើរឡើងនូវគោលដៅគោលនយោបាយបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិក និងតួនាទីរបស់ប្រព័ន្ធ Cloud និងការត្រិះរិះពិចារណារបស់បញ្ញត្តិករនិងអ្នកតាក់តែងគោលនយោបាយចំពោះបញ្ហាប្រឈមក្នុងការទទួលយកប្រព័ន្ធ Cloud។
លោកស្រី ឧបការីទេសាភិបាល នឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សា អំពី
១- នវានុវត្តន៍ហិរញ្ញវត្ថុនិងផលប៉ះពាល់ចំពោះបរិយាបន្នហិរញ្ញវត្ថុ
២- ក្របខណ្ឌគោលនយោបាយសម្រាប់បរិយាបន្នហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន
៣- អត្ថប្រយោជន៍នៃការទទួលយកប្រព័ន្ធ Cloud និងបញ្ហាប្រឈម និង
៤- ឧត្តមានុវត្តនិងក្របខណ្ឌបទប្បញ្ញត្តិដើម្បីលើកទឹកចិត្តឱ្យមានការទទួលយកប្រព័ន្ធ Cloud ៕