ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

ភ្នំពេញ៖ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន ដូចជា ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតប ថា នឹងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕