ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់និងកែលំអរផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​​ចាំបាច់​ក្នុងការរៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកក្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការការពារ ​និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩។​