ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។
លោកឯកអគ្គរដ្ឋទូតសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់វិធានការប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយ សារមេរោគនេះឡើយ។
លោករដ្ឋលេខាធិការ និងឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា មេរោគនេះបាននឹងកំពុងបង្ករការរាំងស្ទះដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សីធ្លាក់ចុះប្រមាណ ១៨ភាគរយ រយះពេល១០ខែដើមឆ្នាំ ២០២០នេះ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីការម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណៈរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែ វិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) បាននឹងកំពុងផ្តល់ទីផ្សារដ៏យ៉ាងធំទូលាយដល់កម្ពុជា។
លោក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។
លោក រដ្ឋលេខាធិការ បានស្នើភាគីរុស្សីអញ្ជើញធុរជន និងវិនិយោគិនកម្ពុជាចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មរុស្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សីទទូលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូតបានទទួលយកសំណើទាំងនេះដើម្បីជម្រាបជូនរដ្ឋាភិបាលរុស្សី និងសន្យាថានឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ ៕