ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល៖ រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩​ថ្មី ២​នាក់​ទៀត​ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា

 

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ២០២០នេះថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​។ ជាជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង ២០:៣០ នាទី​យប់ ( ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ )​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ទាំងអស់ បាន​ចំនួន ១១៣០៥ នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី សរុប​ចំនួន ៣២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ក្នុង​សេចក្តីប្រកាស ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ដែល​ក្រសួងសុខាភិបាល រៀបចំ​ទីតាំង នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់ ព្រមទាំង​នៅតាម​មន្ទីរ​សុខាភិបាល ខេត្ត ( ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​កន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត )​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៤៨​នាក់​។ ក្នុងនោះ ៣០៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤២​នាក់ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៣៣​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៩​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​)៕​