ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការ ស្រាវជ្រាវលើការផ្សាយព័ត៌មាន ដែលប៉ះពាល់ លោក ថន វីរៈ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចក្រឡាហោម មានឋានៈស្មើអនុរដ្ឋលេខាធិការ ដើម្បីរកយុត្តិធម៌។
សារប្រកាសចាត់វិធានការនេះ ត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុក លោក ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង នៅមុននេះបន្តិច ដោយមានខ្លឹមសារថា «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញ ក្នុងបណ្តាញសង្គម នៅថ្ងៃនេះ ចុះផ្សាយព័ត៌មាន ទាក់ទងនឹងលោក ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម។ ការចុះផ្សាយនោះ បាននិយាយរិះគន់ប៉ះពាល់ ដល់កិត្តយសរបស់លោក ថន វីរៈ។
ខុទ្ទកាល័យ សម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសង្ខាង»។
ខុទ្ទកាល័យសម្តេចក្រឡាហោម បានធ្វើឡើងបន្ទាប់មានការចុះផ្សាយនូវព័ត៍មានបែបនេះ ត្រូវបានខុទ្ទការល័យចាត់ទុកថា ជាការរិះគន់ ដែលប៉ះពាល់ដល់កិត្តយសរបស់លោក ថន វីរៈ ហើយជាការប្រមាថមើលស្រាលចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ៕


