ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារជាសះស្បើយពីជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា ក្នុង ចំណោម៣នាក់ដែលជាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាគឺមានលោកឆែម សាវុធជាអគ្គនាយកដ្ឋានពន្ធនាគារម្នាក់ដែរ។
សេចក្តីប្រកាសក្រសួងនៅថ្ងៃ១៥ វិច្ឆិកាបានឲ្យដឹងថា”បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានី ភ្នំពេញ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ”។
ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ជាសមាជិកគ្រួសារ របស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ ។ ព្រមទាំងបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។
គិតត្រឹមព្រឹកថ្ងៃទី១៥ ធ្នូ អ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ ។ អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣៦២នាក់ (ស្រ្តី ៨៦នាក់ និងបុរស ២៧៦នាក់ ) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៣៣នាក់ (ស្រី១៣នាក់ និងបុរស ២០នាក់) ។

អ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១០នាក់ (ស្រ្តី៥នាក់ និងបុរស ៥នាក់) និងអ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនចំនួន៧នាក់ (ស្រ្តី៣នាក់ និងបុរស ០៤នាក់) ៕