លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នេះ លោករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មនេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។
លោករដ្ឋមន្ត្រីបន្ថែមថា គឺពិតជាស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជម្រុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព តាមអភិក្រម រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍កសិកម្ម។
ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រាប់ទាំងកម្ពុជាផងដែរ ហេតុនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន ក្នុងនោះគឺជម្រុញផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត និងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគ្រាសខ្នាតតូចនិងមធ្យម។
សូមជម្រាបជូនថា សិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណជា ២០ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក អង្គការអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាថ្មីទំនើប និងការវិនិយោគផ្នែកកសិកម្ម។