(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌ បានបន្តបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រង់ជំពូកទី៤ ជំពូកទី៦ និងមាត្រាពាក់ព័ន្ធដែលទាក់ទងនឹងនីតិវិធីនៃការប្តឹងនិងការស៊ើបអង្កេត និងទោសប្បញ្ញត្តិ។
កិច្ចប្រជុំនេះ គឺរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Video Conference) ដែលដឹកនាំសម្របសម្រួលដោយ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. ព្រមទាំងសហការី នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌។
គួររំលឹកផងដែរកិច្ចប្រជុំនេះគឺស្ថិតក្នុងករបខណ្ឌនៃកិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានតម្រូវឱ្យក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយក្រសួងយុត្តិធម៌លើជំពូកទី៦ (ទោសប្បញ្ញត្តិ)។