សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលក្នុងរយៈពេលបីខែកន្លងមកនេះ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីបានអនុម័តច្បាប់ចំនួន២២ និងប្រកាសសុពលភាពសមាជិកថ្មីពីររូប គឺ(១) លោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ (២) លោក សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន ជំនួសសមាជិក២រូប ដែលបានសុំលាលែងទៅកាន់
តួនាទីថ្មី និងបានបោះឆ្នោតជ្រើសតាំង លោក ខៀវ ភារិទ្ធ សមាជិកថ្មី នៃគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកស្រី នូ សុវណ្ណនី សមាជិកាថ្មី គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង។
នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសារធុការពរ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទំាងទ្វេទ្រង់ប្រកបនូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាដរាបតទៅ។
សម្តេចប្រធានរដ្ឋសភា បានប្រគេនពរនិងជូនពរចំពោះព្រះថេរានុត្ថារៈ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទំាងប្រទេស ទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។
ជាថ្មីម្តងទៀតមុននឹងប្រកាសបិទសម័យប្រជុំពេញអង្គលើកទី៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជនរួមជាតិទំាងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានាការការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសឡើយជាដាច់ខាត៕