ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សារទាំងស្រុងរបស់ សម្តេចក្រឡាហោម ស ខេង ទៅបងប្អូនជនរួមជាតិជាទីគោរព ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១!

បសារទាំងស្រុងរបស់ សម្តេចក្រឡាហោម ស ខេង ទៅបងប្អូនជនរួមជាតិជាទីគោរព ក្នុងឱកាសាឆ្នាំថ្មី ឆ្នាំសកល២០២១!

បងប្អូនជនរួមជាតិជាទីគោរព!

រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

របាយការណ៍បង្ហាញថានៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ ពោលគឺនៅឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនសរុប៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៤១២១លើក។

ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ កាលពីឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ១៦៤៦នាក់ ប៉ុណ្ណោះ។

ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន១៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០មានអ្នករងរបួសស៤៦៨៦នាក់ នៅគ្រាដូចគ្នាកាលពីឆ្នាំ២០១៩មានអ្នករបួសចំនួន៦១៤១នាក់។

ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ខ្ញុំក៏សូមអំពាវនាវនគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕
សូមអរគុណ