នៅថ្ងៃនេះ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត ដោយឡែក ភាគីនេប៉ាល់មានការចូលរួមពីតំណាងរដ្ឋាភិបាល នៃប្រទេសនេះផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។
ឆឯកឧត្តមបន្ដថា នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។
អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាព នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាល រវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែង មកលើជីវភាពរស់នៅរបស់ប្រជាជន។
គួរជម្រាបថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន។
ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕