ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះរាជសុខភាពល្អប្រសើរឡើងវិញហើយ

ភ្នំពេញៈ ឧបការីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក អ៊ា ឃីម៉េង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ព្រះរាជសុខភាពរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានការធូរស្បើយច្រើនហើយ។

ចំពោះគម្រោងនៃការយាងត្រឡប់មកកម្ពុជាវិញនៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារស្ថានភាពការរាត​ត្បា​ត​កូវីដនៅបារាំង គឺព្រះអង្គពិបាកនឹងយាងមកកម្ពុជាវិញ។ តែទោះជាយ៉ាងម៉េចក៏ដោយព្រះអង្គលោកត្រូវតែយាងមកកម្ពុជាវិញ ដើម្បីការងារដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ពីព្រោះបើអត់មានព្រះអង្គយាងមកទេ រាល់កិច្ចការនៅក្នុងហ៊្វុន​ស៊ិនប៉ិច គឺគាំង មិនមានអ្នកណាដែលមានសិទ្ធិសម្រេចកិច្ចការធំៗឡើយ​​។
ចំណែក សមាជិក សមាជិកា នៅមូលដ្ឋានកំពុងតែទន្ទឹងរង់ចាំ និងស្វាគមន៍នៅវត្តមានរបស់សម្តេចក្រុមព្រះយាងមកកម្ពុជាវិញ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ​៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបានម្ចាស់ក្សត្រីយ៍ អេង ម៉ារី មើលថែទាំងព្រះរាជសុខភាពរបស់ព្រះអង្គចាប់តាំងពីព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ៕