ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា នឹងមានវិទ្យាស្ថានបច្ចេកវិទ្យាពីរួមគ្នាសម្រាប់បណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេស សាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្ដល់កិត្តិយសជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសយើងសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង។នេះទំនុកចិត្តថានិស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។

សូមបញ្ជាក់ថា  ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា នឹងជ្រើសរើសនិស្សិតចំនួន ២០០នាក់ ដើម្បីសិក្សានៅវិទ្យសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងទាំងពីរកំពុងពិភាក្សាលើថ្លៃសិក្សា ឬការផ្ដល់អាហារូបករណ៍។  ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក៕