ខណ:មន្ត្រីអតីតគណបក្សប្រឆាំងបន្តរិះគន់ពីក្រៅប្រទេស ចំពោះការវិលចូលស្រុកវិញ បែរជា លោក កឹម សុខា ប្រធានស្តីទីអតីតគណបក្សសង្រ្គាះះជាតិបានលើកឡើងនៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទោះបីខ្ញុំមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ជាពិសេសការជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ក៏ខ្ញុំតែងតែមានមនោសញ្ចេតនា នឹករលឹក ខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន។
លោកថ្លែងថា”ក្នុងសប្តាហ៍នេះ ខ្ញុំធ្វើដំណើរមកសួរសុខទុក្ខ និងនាំយកនូវជំនួយមនុស្សធម៌មួយចំនួនមកជូនពលករខ្មែរដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុងខេត្តខ្លះដែលជាប់នឹងប្រទេសថៃ”។
លើសពីនេះលោកបន្តថា”សម្រាប់រសៀលថ្ងៃពុធនេះ ខ្ញុំ និងសហការីបានយកជំនួយមនុស្សធម៌ ជាថវិកាចំនួនដប់លានរៀល(១០ ០០០ ០០០៛)ដែលបានមកពីសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក និងសម្ភារៈការពារមេរោគឆ្លង មានម៉ាស់ និងសាប៊ូលាងសម្អាតកម្ចាត់មេរោគមួយចំនួនដែលបានមកពីសប្បុរសជនខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងក្នុងប្រទេសកម្ពុជា ទៅជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន”។
លោកសូមអរគុណសប្បុរសជន ដែលបានផ្តល់ជំនួយមនុស្សធម៌។
សូមលើកទឹកចឹត្តសមត្ថកិច្ចដែលបានថែរក្សាការពារសុខភាពជូនប្រជាពលរដ្ឋ។
សូមជូនពរបងប្អូនជនរួមជាតិមានសុខភាពល្អ ចៀសផុតពីជម្ងឺកូវីដ-១៩៕