(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានរៀបចំវគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ក្រោមអធិបតីភាព លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក អគ្គនាយករង និងលោក លោកស្រី ម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ ក្នុងរាជធានីភ្នំពេញ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ស្ថានីយ/ដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ បានយល់ច្បាស់អំពីច្បាប់។
វគ្គបណ្តុះបណ្តាលនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន ធានាឱ្យមានការអនុវត្តអាជីវកម្មចែកចាយប្រេងឥន្ទនៈប្រកបដោយសុចរិត និងស្មើភាព ។
លើកកម្ពស់ការប្រកួតប្រជែង ស្មោះត្រង់ ធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់ មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន និងអនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។