កណ្តាល៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានស្នើសុំដល់បងប្អូនប្រជាកសិករ ត្រូវពង្រឹង និងពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ឲ្យបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសការនាំចូលពីក្រៅប្រទេស។
លោក កៅ ថាច បានបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០.៤២ភាគរយក្នុងមួយខែ តែប៉ុណ្ណោះ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ។
បច្ចុប្បន្នការផ្គត់ផ្គង់បន្លែ ត្រីសាច់ ចូលទីផ្សាររបស់បងប្អូនប្រជាកសិករ នៅមានកំរិតនៅឡើយ និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់ សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះយើងត្រូវធ្វើការនាំចូលបន្ថែមពីក្រៅប្រទេស ដើម្បីបំពេញបន្ថែមលើការខ្វះខាត។
ត្រង់ចំនុចនេះ បងប្អូនទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា នាំចូលទាំងនោះមានមួយចំនួនមានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាព បងប្អូនប្រជាពលរដ្ឋអ្នកប្រើសប្រាស់យ៉ាងខ្លាំង។ ហេតុនេះហើយ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកពិតជាចង់ឃើញណាស់ បងប្អូនប្រជាកសិករខ្មែរ ខិតខំដាំដុះបន្លែ ពង្រីកការចិញ្ចឹម ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ឲ្យបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់ចូលក្នុងស្រុក អោយបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញ បានទៅក្រៅប្រទេសបាន។
លោក កៅ ថាច បានស្នើសុំបងប្អូនប្រជាកសិករ ធ្វើដាំការដុះបន្លែ ធ្វើការចិញ្ចឹម សូមមេត្តាធ្វើការយកចិត្តទុកដាក់ខ្ពស់ អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីលើកកម្ពស់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ៕