ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពេលកន្លងមកមានអ្នកខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមក សុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។
សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា ពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីស ត្រូវចូលរួមប្រឡង»។
សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាល ណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។
សម្ដេចក្រឡាហោម ស ខេង បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕