ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន មានចំនួន ៩៥៧ ៦៨០តោន

ភ្នំពេញ៖ ឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។

ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ)។

យោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៥៥ ក្រុមហ៊ុនម្ចាស់ចម្ការ និងសហគមន៍កសិកម្ម។

ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន ៖

១-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ ។

២-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ ។

៣-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ ។

៤-ចុះអង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ ។

៥-ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពដំណាំស្វាយ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ២៥កសិដ្ឋាន ដើម្បីត្រៀមផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមទៀត។

– គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ និងឃ្លាំងត្រជាក់ ៕